អាជ្ញាធរលោកហ៊ុន សែន រឹតត្បិតសិទ្ធិសេរីភាព ក្នុងការជួបជុំ
តាមរយៈការសង្កេតយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេលថ្មីៗបំផុតនេះឃើញថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរដែលគ្រប់គ្រងដោយលោក ហ៊ុន សែន រឹតត្បិតយ៉ាងណែន។
បុណ្យរំលឹកខួប១៧ឆ្នាំនៃការគប់គ្រប់បែក
គណបក្សសង្គ្រោះជាតិបានដាក់ពាក្យសុំការអនុញ្ញាតធ្វើបុណ្យបង្សុកូល និងរំលឹកខួប១៧ឆ្នាំនៃការគប់គ្រាប់បែកសម្លាប់មនុស្សយ៉ាងច្រើននៅមុខវត្តបទុម។
ជាការឆ្លើយតបនឹងពាក្យសុំនេះសាលារាជធានីភ្នំពេញបាន អនុញ្ញាតឲ្យប្រារព្វពិធីរំលឹកខួបនេះ នៅមុខវត្តបុទុម ប៉ុន្តែបានកំណត់ឲ្យបញ្ចប់ពិធីនេះយ៉ាងយូរត្រឹមម៉ោង១១ និង៣០នាទីព្រឹក។
សមាជមហាជនលើកទី២
សមាជមហាជនលើកទី២របស់គណបក្សសង្គ្រោះជាតិភ្ជាប់នឹងកម្មវិធីបុណ្យរំលឹកខួប១៧ឆ្នាំនៃការគប់គ្រាប់បែកនេះ គណបក្សសង្គ្រោះជាតិក៏បានដាក់ពាក្យជូនដំណឹងអំពីការធ្វើសមាជមហាជនលើកទី២របស់ខ្លួននៅទីលានប្រជាធិបតេយ្យនៅពេលរសៀលថ្ងៃដដែលនេះដែរ។
ប៉ុន្តែក្រសួងមហាផ្ទៃបានចេញលិខិតមួយហាមប្រាម មិនឲ្យគណបក្សសង្គ្រោះជាតិធ្វើសមាជលើកទី២នេះនៅទីលានប្រជាធិបតេយ្យជាដាច់ខាតហើយថែមទាំងបានត្រៀមកម្លាំង របាំងបន្លាលួសនិងសម្ភារប្រឆាំងបាតុកម្មផ្សេងៗទៀត។
ព្រឹកថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៤៖
តាំងពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៤ គេសង្កេតឃើញអាជ្ញាធរត្រៀមកម្លាំង របាំងបន្លាលួស និងសម្ភារប្រឆាំងបាតុកម្មផ្សេងៗទៀតស្ទើរគ្រប់កន្លែងសំខាន់ៗនៅរាជាធានីភ្នំពេញ ដូចជាទីលានប្រជាធិបតេយ្យជាដើម។
លុះព្រឹកឡើងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ គេបានឃើញតាមផ្លូវមួយចំនួនត្រូវបានបិទ ដោយរបាំងបន្លាលួស ដូចជាផ្លូវនៅម្ដុំវិមានឯករាជ្យ ផ្លូវនៅម្ដុំមជ្ឈមណ្ឌលហុងកុង និងផ្លូវសំខាន់ៗចូលទៅវត្តបទុម។
បង្សុកូល រំលឹកខួប១៧ឆ្នាំ (១៩៩៧-២០១៤) ៣០មីនាព្រឹត្តិការណ៍គប់គ្រាប់បែកសម្លាប់យ៉ាងរង្គាល
កម្មវិធីនេះបានប្រព្រឹត្តទៅដោយមានអ្នកចូលរួមសរុប តាមការប៉ាន់ស្មានប្រហែល២០០០ នាក់/អង្គ។ លោកប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខាក៏បានចូលរួមក្នុងកម្មវិធីនេះដែរ។
អ្នកចង់ចូលរួមពិធីបង្សុកូលរំលឹកខួប១៧ឆ្នាំនៃការគប់គ្រាប់បែកត្រូវមានកាតលឿង

បុរសម្នាក់ដែលចង់ចូលរួមពិធីបង្សុកូលនោះ ត្រូវបានប៉ូលីសដាក់របាំងផ្លូវនៅជិតផ្ទះ លោកហ៊ុន សែន ឃាត់សួរគាត់ថា "ទៅណា?" គាត់ថា គាត់ចង់ចូលរួមបង្សុកូល ប៉ុន្តែត្រូវនគរបាលហាមមិនឲ្យគាត់ចូល។
ដូច្នេះហើយ គាត់ត្រូវរង់ចាំយ៉ាងយូរ រហូតទាល់តែមានអន្តរាគមន៍ពីមន្ត្រីគណបកស្សសង្គ្រោះជាតិ ឲ្យកាត់លឿងគាត់ពាក់ទើបចូលបាន។
សមាជមហាជនលើកទី២ លើកទៅធ្វើនៅស្នាក់ការគណបក្សនៅចាក់អង្រែលើ
ដោយសារតែអាជ្ញាធរលោកហ៊ុន សែន រឹតត្បិតសិទ្ធិសេរីភាពបែបនេះ ទើបគណបក្សសង្គ្រោះជាតិដែលមុនដំបូងបានសម្រេចចិត្តថា ធ្វើសមាជមហាជននៅមុខវត្តបទុមក្រោយពិធីបង្សុកូលរំលឹកខួបគប់គ្រាប់បែកចប់ ក៏ប៉ុន្តែដោយសារ សាលារាជធានីភ្នំពេញបានកំណត់ឲ្យគណបក្សសង្គ្រោះជាតិត្រូវបញ្ចប់កម្មវិធីនេះត្រឹមម៉ោង១១ និង៣០នាទីព្រឹកយ៉ាងយូរ ដូច្នេះ សមាជមហាជនលើកនេះក៏ត្រូវលើកទៅធ្វើនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើវិញ។
ខាងក្រោមនេះគឺអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នាំគ្នាដើរទៅស្នាក់ការ គណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើ។