អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Wednesday, March 12, 2014

A Fire Burnt Down An Orphan Kuy IP's House (អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ក្មេង​កំព្រា​ជន​ជាតិ​កួយ)

ត្បែង​មាន​ជ័យ, ព្រះវិហារ៖ ពាក្យចាស់ពោលថា «សូវ​លិច​ទូក​កណ្តាល​ទន្លេ តែ​កុំ​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ​»។ ការ​ដែល​មាន​ការ​ពោល​ដូច្នេះ ព្រោះយើងដឹង​ហើយ​ថា កាល​ណា​ភ្លើង​ឆេះ​ផ្ទះ​គឺ ពិត​ជា​មិន​សល់​អ្វី​នោះ​ឡើយ​។

ជារឿងគួរឲ្យអនិច្ចាក្រៃពេក ដែល​នៅថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៤ វេលាម៉ោង ៤:៤០ នាទី​រសៀល ភ្លើង​បាន​ឆាប​ឆេះ​ផ្ទះ​បង​ប្អូន​កំ​ព្រា​ពីរ​នាក់​យ៉ាង​​សន្ធោ​សន្ធៅ នៅ​ភូមិស្រែព្រាង ឃុំប្រមេរ ស្រុក​ត្បែង​មាន​ជ័យ ខេត្តព្រះវិហារ។

អគ្គិភ័យ​​​​កើត​​ឡើង​​នេះ​ នៅ​មិន​ទាន់​ដឹង​​អំពី​មូល​ហេតុ​ច្បាស់លាស់​នៅ​ឡើយ​ទេ​។ តាម​សេចក្ដី​រាយ​ការណ៍​ពីលោក ផាន់ សុខេត ដែល​ប្រជាពលរដ្ឋ​នៅ​ភូមិ​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​​​នេះ​​កើត​​ឡើង​​នៅ​​វេលា​ល្ងាច​ ហើយ​អ្នក​ភូមិ​បាន​ព្យាយាម​ជួយ​ពន្លត់​ដែរ​ តែ​ជា​អកុសល ភ្លើង​បាន​ឆាប​​ឆេះ​ផ្ទះ​ស្បូវ​ដ៏​កំសត់​របស់​ពួក​គេ​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ​។

នៅ​ថ្ងៃ​កើត​ហេតុនេះដែរ ប្អូនប្រុស រ៉េត រឹទ្ធិ​ដែល​ជា​បង​ប្រុស​បាន​ទៅ​ចម្ការ ដោយ​ទុក​ឲ្យ​ប្អូន​ស្រី​នៅ​​ចាំ​ផ្ទះ តែ​មិន​ដឹង​ជា​មាន​អ្វី​កើត​ឡើង​បាន​ជា​មាន​ភ្លើង​ឆេះ​ផ្ទះ​ដូច្នេះ​​ទេ​។​

អ្វី​ដែល​កាន់​តែ​អាណិត​ខ្លោច​ចិត្ត​នោះ​គឺ បង​ប្អូន​ពីរ​នាក់​នេះ​ជា​កូន​កំព្រា​​នៅ​តែ​ពីរ​នាក់ ដោយ​ម្តាយ​បាន​ស្លាប់ និង​ឪពុក​ក៏​មាន​ប្រពន្ធ​ថ្មី ហើយ​​បង​ស្រី​ច្បង​ក៏​មាន​គ្រួសារ ហើយ​ទៅ​រស់​នៅ​ខាង​គ្រួសារ​ខាង​ប្តី​ចោល​ប្អូន​ដ៏​កំសត់​ទាំង​ពីរ​ឲ្យ​នៅ​រក​ស៊ី​ចិញ្ជឹម​អាត្មា​ដោយ​ខ្លួន​ឯង​យ៉ាង​វេទនា​។

ក្រោយ​ពី​ម្តាយ​ស្លាប់​ជាង​៧​ឆ្នាំ ឪពុក​មាន​ប្រពន្ធ​ថ្មី​ និង​បង​ស្រី​មាន​គ្រួសារ​ចោល​អស់​ទៅ ប្អូន​ប្រុស រ៉េត រឹទ្ធិ អាយុ​១៧​ឆ្នាំ​ជា​អ្នក​ដើរ​តួ​ជា​អ្នក​រក​ស៊ី​ចិញ្ចឹម​ប្អូន​ស្រី​ពៅ​ដែល​ទើប​​មាន​​អាយុ​៧ឆ្នាំ​។

ជីវភាព​រស់នៅ​តាំង​ពី​បែក​បាក់​គ្រួសារ បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ទាំង​ពីរ​នាក់​នេះ រស់នៅ​យ៉ាង​លំបាក គ្មាន​អ្នក​មើល​ថែរ និង​មិន​ដែល​ស្គាល់​អ្វី​ជា​ភាព​កក់​ក្តៅ​ពី​គ្រូសារ​ឡើយ ហើយ​អ្វី​កាន់​តែ​ខ្លោច​ចិត្តទៅ​ទៀត អគ្គិភ័យ​បាន​មក​បំផ្លាញ​ផ្ទះ​សុភ​មង្គល​របស់​ប្អូន​ទាំង​ពីរ​ថែម​ទៀត​។

យ៉ាង​ណាក៏ដោយ សង្ឃឹមថា អាជ្ញាធរ ក៏ដូចជាសប្បុរសជននានា នឹង​ជួយ​គិត​គូរ​ដល់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នេះ ជាពិសេសអាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ធ្វើ​យ៉ាងណា​ចាត់​វិធាន​ការ​ដើម្បី​ជួយ​ជន​រង​គ្រោះ​ទាន់​ពេល​វេលា​៕

No comments:

Post a Comment